រឿងឈឺក្បាលពីរយ៉ាងដែលម្ចាស់អាជីវកម្មតែងជួបប្រទះ
ការចាប់ផ្តើមអាជីវកម្មវាមិនមែនជារឿងងាយស្រួលនោះទេ ទោះបីជាការចាប់ផ្តើមអាជីវកម្មខ្នាតតូច ឬខ្នាតធំក៏ដោយ បញ្ហារមែងតែកើតមានជានិច្ចគ្រាន់តែពេលខ្លះជួបបញ្ហាតូច ហើយពេលខ្លះជួបបញ្ហាធំ។ នៅពេលអាជីវកម្មចាប់ផ្តើមដំណើរការ និងមានការរីកលូតលាស់បន្តិច ម្ចាស់អាជីវកម្មជួបក្តីកង្វល់ និងឈឺក្បាលជាមួយរឿងជាច្រើនផ្សេងៗទៀតស្ទើររាល់ថ្ងៃមិនចេះចប់។ ជាធម្មតាយើងតែងតែលឺ ម្ចាស់អាជីវកម្មលើកពីបញ្ហាស្មុគ្រស្មាញ និងឈឺក្បាលឥតឈប់ឈរ ហើយបញ្ហាដែលកើតឡើងច្រើនជាពិសេសចំពោះអាជីវកម្មខ្នាតតូច និងមធ្យមមានពីរធំៗគឺ ការគ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងប្រតិបត្តិការរបស់អាជីវកម្ម។
ការគ្រប់គ្រងបុគ្គលិក
អាជីវកម្មដំណើរការទៅបានត្រូវការធនធានមនុស្សល្អដើម្បីចូលរួមគិត និងចូលរួមធ្វើ។ ប្រសិនបើយើងអាចជ្រើសរើសធនធានមនុស្សបានល្អ អាជីវកម្មអាចដំណើរការទៅបានដោយរលូន អាចកាត់បន្ថយការឈឺក្បាល និងហានិភ័យបានច្រើន ប៉ុន្តែការជ្រើសរើសមនុស្សត្រឹមត្រូវ និងមានសមត្ថភាព វាមិនមែនជារឿងងាយស្រួលនោះទេ តែវាក៏មិនមែនមិនអាចធ្វើបានដែរគ្រាន់តែត្រូវការពេលវេលាបន្តិច។ ជាទូទៅម្ចាស់អាជីវកម្មមួយចំនួនជួបបញ្ហាបុគ្គលិកច្រើនរួមមាន៖
បុគ្កលិកគ្មានសមត្ថភាពគ្រប់គ្រាន់
បុគ្គលិកដែលមានទិសដៅផ្ទុយគ្នាពីរម្ចាស់អាជីវកម្ម
បុគ្គលិកមិនអភិវឌ្ឍខ្លួន
បុគ្គលិកមិនមានការសហការគ្នាល្អក្នុងក្រុម
បុគ្គលិកបង្កើតបក្សពួកនិយម
បុគ្គលិកកំណត់ព្រំដែនការងារជ្រុល
បុគ្គលិកមិនធ្វើការ តែចាំមើលបំណាំ និងរិះគន់ ជាដើម។ល។
ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម
ប្រតិបត្តិការអាជីវកម្មអាចដំណើរការទៅបានដោយរលូន វាអាស្រ័យលើកត្តារួមផ្សំជាច្រើនរួមមានការកំណត់ការទទួលខុសត្រូវការងារតាមផ្នែក និងបុគ្គលមួយៗ ការរៀបចំប្រព័ន្ធការងារទាំងក្នុងផ្នែក និងឆ្លងផ្នែកមួយៗ គោលការណ៍ ច្បាប់ទំលាប់ ការកំណត់ទិសដៅ និងការកំណត់គោលដៅសម្រេចរបស់ក្រុម និងបុគ្គលិកមួយៗឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ហើយមានការប្រជុំតាមដានជាប្រចាំ។ល។ កង្វះការរៀបចំប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ និងច្បាស់លាស់នោះ វានឹងបង្កហានិភ័យ និងភាពស្មុគ្រស្មាញច្រើនដល់ម្ចាស់អាជីវកម្ម។
សរុបជារួមបញ្ហាទាំងពីរខាងលើនេះហាក់បីដូចជាសាមញ្ញ ប៉ុន្តែវាអាចបង្កការឈឺក្បាលខ្លាំង និងហានិភ័យដល់អាជីវកម្មទាំងមូល ប្រសិនបើយើងមិនបានដោះស្រាយវាឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវល្អ។ ការដោះស្រាយមានប្រសិទ្ធភាពអាចជួយឱ្យអាជីវកម្មដំណើរល្អ និងរលូន ហើយថែមទាំងអាចបង្កើនលទ្ធផលខ្ពស់ថែមទៀតផង ហើយការដោះស្រាយអាចធ្វើឡើងដោយម្ចាស់អាជីវកម្ម និងគណៈគ្រប់គ្រងផ្ទាល់ ឬម្ចាស់អាជីវកម្មអាចផ្តល់កិច្ចការនេះទៅក្រុមហ៊ុនប្រឹក្សាដែលមានជំនាញច្បាស់លាស់ចូលរួមដោះស្រាយ ពីព្រោះវាអាចចំណេញទាំងពេលវេលា និងប្រាក់កាក់ មិនតែប៉ុណ្ណោះម្ចាស់អាជីវកម្មមានពេលវេលាផ្តោត និងធ្វើកិច្ចការសំខាន់ផ្សេងៗទៀតបាន។
By: Journey Connect
Date: September 7, 2025