តើអ្នកចង់ធ្វើដូចជាដំឡូងបារាំង ពងទា ឬកាហ្វេ?
មានថ្ងៃមួយមានប្អូនស្រីម្នាក់បានត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួនដោយនាងយល់ថាជីវិតរបស់ខ្លួនជួបតែបញ្ហា និងមានរឿងមិនចេះចប់ អស់ពីមួយចូលមួយ។ ឃើញដូចនេះឪពុករបស់គាត់បាននាំគាត់ចូលផ្ទះបាយរួចបានយកឆ្នាំងបីទំហំប៉ុនគ្នា ហើយចាក់ទឹកចូលចំណុះស្មើគ្នាចូលទៅក្នុងឆ្នាំង រួចបានដាក់ឆ្នាំងលើចង្រ្កាន ហើយបានបើកភ្លើងដើម្បីដាំទឹកក្នុងឆ្នាំងទាំងបីនោះ។ ២០នាទីក្រោយមក ទឹកក្នុងឆ្នាំងបានដាំពុះ ហើយឪពុករបស់គាត់បានយកដំឡូងបារាំងដាក់ចូលទៅក្នុងឆ្នាំងទឹកពុះមួយ ហើយក៏បានយកពងទាដាក់ចូលក្នុងឆ្នាំងទឹកពុះផ្សេងមួយទៀត ចំណែកឯឆ្នាំងទឹកនៅសល់មួយទៀតនោះ គាត់បានចាក់កាហ្វេដែលបានកិនហើយចូលទៅក្នុងឆ្នាំងនោះ។ មួយសន្ទុះក្រោយមក គាត់បានស្រង់ដំឡូងពីក្នុងឆ្នាំង ហើយបានដាក់វាចូលក្នុងចាន ហើយស្រង់ពងទាពីក្នុងឆ្នាំង រួចដាក់វាចូលក្នុងចានផងដែរ។ ចំណែកឆ្នាំងដាក់កាហ្វេ គាត់បានចាក់ទឹកកាហ្វេចូលក្នុងកែវ។ បន្ទាប់មកគាត់បានសួរកូនគាត់ថា «កូនបានឃើញអ្វីដែរ?» កូនស្រីគាត់បានឆ្លើយថា «ខ្ញុំបានឃើញដំឡូងបារាំង ពងទា និង កាហ្វេ»។
ឪពុកគាត់បានប្រាប់បន្ថែមថា ឥឡូវកូនពិនិត្យ និងប៉ះដំឡូងនោះសាកមើល។ ប្អូនស្រីរូបនោះបានប៉ះដំឡូង ហើយវាបានប្រែជាទន់ជ្រាយ បន្ទាប់ពីដាក់ក្នុងឆ្នាំងទឹកក្តៅ។ «ឥឡូវចូរកូនបកសំបកពងទានេះ» គាត់បាននិយាយទៅកាន់កូនស្រីរបស់គាត់។ ប្អូនស្រីរូបនោះបានបកសំបកពងទាចេញ ហើយពងទានោះប្រែឡើងរឹង។ «កូនសាកញាំកាហ្វេនេះម្តង» គាត់បានប្រាប់កូនគាត់បន្ថែម។ ប្អូនស្រីបានញញឹមក្រោយញាំកាហ្វេរួចដោយការពេញចិត្ត នឹងរសជាតិ និងក្លិនរបស់កាហ្វេ។
មួយសន្ទុះក្រោយមកប្អូនស្រីរូបនោះក៏បានសួរត្រឡប់ទៅឪពុកគាត់វិញថា «តើទាំងនេះមានន័យថាយ៉ាងម៉េច?» ឪពុកគាត់បានឆ្លើយតបវិញថា ទាំងបីនោះបានជួបបញ្ហាដូចគ្នា ប៉ុន្តែវាមានប្រតិកម្មឆ្លើយតបទៅវិញផ្សេងៗគ្នា ដំឡូងរឹង តែក្រោយដាក់ចូលក្នុងឆ្នាំងទឹកក្តៅប្រែសភាពទៅជាទន់ ចំណែកឯពងទាវិញ ខាងក្នុងគឺជាទឹករាវហ៊ុំព័ទ្ធដោយសំបកស្តើង តែវាប្រែជារឹងនៅពេលដាក់ចូលក្នុងឆ្នាំងទឹកក្តៅ ចំណែកឯកាហ្វេខុសប្លែកពីគេ វាបានលាយជាមួយទឹកក្តៅ ហើយបង្កើតបានរសជាតិឆ្ងុយឆ្ងាញ់។ ឪពុកក៏បានសួរត្រឡប់ទៅវិញថា ដូចនេះពេលកូនជួបបញ្ហា តើកូនចង់ធ្វើខ្លួនជាអ្វី ដើម្បីប្រតិកម្មឆ្លើយតបទៅនឹងបញ្ហា?
By: Journey Connect
Date: October 12, 2025