អន់ចិត្ត
ការអន់ចិត្តរមែងតែកើតមានស្ទើតែគ្រប់ស្ថាប័ន ជួនកាលការអន់ចិត្តកើតចេញពីបុគ្គលិកទៅកាន់ស្ថាប័ន ថ្នាក់ដឹកនាំ ឬរវាងបុគ្គលិកដូចគ្នា។ មានហេតុផលជាច្រើនដែលបង្កឱ្យមានការអន់ចិត្តកើតឡើង ប៉ុន្តែការអន់ចិត្តភាគច្រើនគឺបណ្តាលមកពីការភាន់ច្រលំដោយសារពួកគាត់មិនបានយល់ដឹង ឬក្តោបព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយគាត់វាយតម្លៃថាគាត់គឺជាជនរងគ្រោះ ហើយភាគីម្ខាងទៀតគឺជាអ្នកខុសជាដើម។ល។ ក៏ប៉ុន្តែការសនិដ្ឋាន ឬវិនិច្ឆ័យរបស់គាត់មិនខុសទេ តែក៏មិនមែនមានន័យថាវាត្រឹមត្រូវដែរ ដោយសារតែគាត់បានដឹង និងមើលឃើញតែមួយជ្រុងតែប៉ុណ្ណោះ។
ឧបមាថាយើងដាក់មនុស្សម្នាក់អង្គុយចំកណ្តាលបន្ទប់រួចឱ្យអ្នកគំនូរ10នាក់អង្គុយជុំវិញ ហើយគូររូបមនុស្សម្នាក់នោះ ប្រាកដណាស់លទ្ធផលគឺមិនដូចគ្នាទេ ដោយសារអ្នកគូរអង្គុយនៅទីតាំងផ្សេងគ្នា ដូចនេះលទ្ធផលចេញមកគឺច្បាស់ណាស់គឺវាមិនដូចគ្នាទេ។ ជាក់ស្តែងការអន់ចិត្តរបស់បុគ្គលិកក្នុងស្ថាប័នមួយក៏ដូច្នោះដែរ គឺគាត់មើលឃើញ និងយល់ក្នុងកម្រិតតួនាទីរបស់គាត់ ហើយនៅពេលដែលគាត់បានឡើងតួនាទីទៅមួយកម្រិតទៀតគឺគាត់មើលឃើញ និងយល់បានមួយកម្រិតទៀត។ គាត់អាចមើលឃើញ និងយល់បានច្បាស់ពីមួយកម្រិតទៅមួយកម្រិតរាល់ពេលដែលគាត់បានឡើងតួនាទីមួយកម្រិត ហើយគាត់នឹងអាចយល់ និងមើលឃើញកាន់តែច្បាស់នៅពេលដែលគាត់ឈានដល់កម្រិតថ្នាក់ដឹកនាំកំពូល។ ពេលនោះគាត់អាចនឹងយល់បានថាកាលដែលគាត់អន់ចិត្តជាមួយថ្នាក់ដឹកនាំរបស់គាត់គឺជារឿងមិនត្រឹមត្រូវទាំងស្រុង ហើយគាត់ក៏មិនមែនជាជនរងគ្រោះទាំងស្រុងដែរ ពីព្រោះពេលខ្លះដោយសារតែរូបគាត់ ភាគីដែលគាត់អន់ចិត្តជាមួយគឺជាអ្នកជួយជ្រុំជ្រែង និងសម្របសម្រួលពីក្រោយ ហើយពេលខ្លះក៏ទទួលកំហុស និងការស្តីបន្ទោសដោយសារ ឬជំនួសគាត់ក៏ថាបាន។
គ្មាននរណាម្នាក់ហាមយើងមិនឱ្យអន់ចិត្តទេ ប៉ុន្តែបើការអន់ចិត្តរបស់យើងខ្វះការយល់ដឹងសុីជម្រៅដែលបង្កឱ្យខាតបង់ប្រយោជន៍ ឬមិត្តភាពរបស់យើង យើងមិនគួរបណ្តោយឱ្យវាកើតឡើងឡើយ។ នៅក្នុងស្ថាប័នមួយដែលលេងនយោបាយការទូតច្រើនរមែងតែបង្កឱ្យមានការភាន់ច្រលំច្រើន ហើយបង្កឱ្យមានការអន់ចិត្តរវាងគ្នា និងគ្នា ហើយអាចឈានដល់ការបែកបាក់សាមគ្គី ការសហការងារ ឬមិត្តភាពជាដើម។ល។ ចុងក្រោយបានត្រឹមតែសោកស្តាយនូវទង្វើរបស់ខ្លួនតែប៉ុណ្ណោះ!
រៀបរៀងដោយ JC
September 23, 2025