រឿងកូនប្រុសអភិជន
មានថ្ងៃមួយបុរសអភិជនម្នាក់បានសម្រេចនាំកូនប្រុសរបស់ខ្លួនទៅដើរកម្សាន្តនៅទីជនបទដាច់ស្រយាលដើម្បីបង្ហាញកូនគាត់ពីការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រក្នុងគោលបំណងឱ្យកូនដឹងថាគាត់ពិតជាសំណាងណាស់ដែលមានឪពុកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ បន្ទាប់ពីឪពុក និងកូនបានស្នាក់នៅទីជនបទចំនួនបីថ្ងៃជាមួយនឹងគ្រួសារកសិករក្រីក្ររួចមក ពេលតាមផ្លូវត្រឡប់មកផ្ទះវិញឪពុកក៏បានចោទសួរកូនរបស់ខ្លួនថា តើកូនបានស្វែងយល់ និងរៀនសូត្រអ្វីខ្លះពីដំណើរកម្សាន្ត និងការស្នាក់នៅជាមួយនឹងគ្រួសារកសិករលើកនេះ?
កូនប្រុសបានឆ្លើយថាខ្ញុំមើលឃើញថាយើងមានអ្នកបម្រើ ៣-៤ នាក់ចាំបម្រើយើង ខណៈដែរពួកគាត់បម្រើអ្នកដទៃ។ យើងមានសត្វឆ្កែមួយក្បាល ប៉ុន្តែពួកគាត់មានបួនក្បាល។ អំពូលភ្លើងក្នុងសួនច្បាររបស់យើងទាំងអស់សុទ្ធតែត្រូវទិញយកមករៀបចំ ប៉ុន្តែពួកគាត់មានផ្កាយពេញមេឃនៅពេលយប់។ ពួកយើងទិញម្ហូបអាហារ ក៏ប៉ុន្តែពួកគាត់ដាំដុះខ្លួនឯង។ យើងមានអាងហែលទឹកនៅក្នុងសួន ប៉ុន្តែពួកគាត់មានស្ទឹងដ៏ស្រស់ស្អាត និងវែងអន្លាយ។ ផ្ទះយើងមានជញ្ជាំងបិទបាំងដើម្បីការពារ ប៉ុន្តែពួកគាត់មានញាតិមិត្តក្នុងភូមិផងជារបងការពារ។ កូនប្រុសបានបន្ថែមចុងក្រោយថាអរគុណណាស់លោកប៉ាដែលបានបង្ហាញឱ្យខ្ញុំដឹងថាគ្រួសារយើងក្រីក្រណាស់។
អ្នកមានពិតមិនអាស្រ័យលើទ្រព្យសម្បត្តិស្តុកស្តម្ភតែមួយមុខទេ តែវាក៏រួមផ្សំនឹងការរស់នៅប្រកបដោយ ចិត្តមេត្តា ករុណា សន្តោះប្រណី ហើយមានញាតិមិត្តប្រុសស្រីក្មេងចាស់មិនថាទីជិត ឬទីឆ្ងាយរាប់អាន និងយកអាសារគ្នាទៅវិញទៅមកផងដែរ។ សូមរស់នៅដោយភាពសុច្ចរិត និងប្រតិបត្តិតែអំពើល្អ ដូច្នោះយើងនឹងទទួលបានសេចក្តីសុខទាំងផ្លូវចិត្ត និងផ្លូវកាយសប្បាយរីករាយ។ នេះទើបជាអ្នកមានពិតប្រាកដ។
រៀបរៀងដោយ JC
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥