រឿងពែងកាហ្វេ
មានមិត្តភក្តិមួយក្រុមបានបង្កើតកម្មវិធីជួបជុំមួយ ក្រោយពីខកខានជួបជុំគ្នាអស់ជាច្រើនខែឆ្នាំ។ ពួកគាត់បានសម្រេចជ្រើសរើសយកផ្ទះរបស់លោកគ្រូរបស់គាត់ជាកន្លែងធ្វើពិធីជួបជុំ។
ក្នុងពិធីជួបជុំពួកគាត់បានជជែកគ្នាយ៉ាងសប្បាយក្អាកក្អាយ ហើយពួកគាត់ក៏បានរៀបរាប់ពីបច្ចុប្បន្នភាពរបស់ខ្លួន។ អ្នកខ្លះធ្វើការនៅក្រុមហ៊ុនលំដាប់អន្តរជាតិ ខ្លះទៀតធ្វើការក្នុងជួររដ្ឋាភិបាលមានឋានៈតួនាទីខ្ពស់ ហើយខ្លះទៀតធ្វើមុខជំនួញ និងមានក្រុមហ៊ុនពីរបី និងបានរៀបការ និងមានប្រពន្ធ/ប្តី កូនជាដើម។ល។ ក្រោយការជជែកគ្នាយ៉ាងសប្បាយ ពួកគាត់ហាក់ប្រែទឹកមុខ ហើយក៏រៀបរាប់ពីការលំបាក និងបញ្ហាស្រ្តេសផ្សេងៗ។ ឃើញស្ថានភាពដូចនោះ លោកគ្រូក៏បានឱ្យភរិយារបស់គាត់ឆុងកាហ្វេជូនពួកគាត់ដើម្បីពិសា។ ១៥នាទីក្រោយមក ភរិយារបស់លោកគ្រូបានលើកកាហ្វេមកដល់ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺពែងកាហ្វេទាំងអស់មិនដូចគ្នាទេ ពែងខ្លះស្អាតដូចកែវចរណៃ ពែងខ្លះជាពែងពរ្សឺឡែន ពែងខ្លះទៀតមានតម្លៃថ្លៃ ហើយក៏មានពែងធម្មតា និងមានតម្លៃថោកផងដែរ។ សិស្សទាំងអស់គិតថាប្រហែលជាអ្នកចូលរួមច្រើនក្នុងថ្ងៃនេះ ដូចនេះផ្ទះលោកគ្រូមិនមានពែងកាហ្វេដូចគ្នាច្រើនដើម្បីដាក់កាហ្វេជូនពួកគាត់ទេ ប៉ុន្តែអី្វដែលគួរឱ្យកត់ សម្គាល់នោះគឺពួកគាត់រើសយកតែពែងកាហ្វេដែលស្រស់ស្អាត និងមានតម្លៃតែប៉ុណ្ណោះ ហើយពែងកាហ្វេដែលមិនស្អាត និងគ្មានតម្លៃគឺបន្សល់ទុកនៅលើតុដោយគ្មានអ្នកយកមកទទួលទានឡើយ។ ឃើញដូចនេះ លោកគ្រូក៏ពោលពាក្យថា «ម្នាក់ៗរើសយកតែពែងស្អាត» នេះជាហេតុផល និងជាប្រភពនៃបញ្ហា ការមិនសប្បាយចិត្ត និងកើតស្ត្រេសជាដើម។ល។ ដែលអ្នកទាំងអស់កំពុងមាន និងជួបប្រទះ។ ម្នាក់ៗស្រឡាំងកាំងដោយសារមិនយល់នូវសម្តីដែលលោកគ្រូបាននិយាយ។ ឃើញដូចនោះ លោកគ្រូក៏បានបន្តថា «ពែងកាហ្វេ វាមិនមានគុណតម្លៃខ្លាំងមកលើកាហ្វេទេ វាគ្រាន់តែជាគ្រឿងលម្អនៅខាងក្រៅតែប៉ុណ្ណោះ»។ ជីវិតរបស់យើងម្នាក់ៗប្រៀបបានដូចជាកាហ្វេ ហើយលុយកាក់ ទ្រព្យសម្បត្តិ ការងារ និងតួនាទី ប្រៀបបានទៅនឹងពែងកាហ្វេ។ អ្វីដែលយើងចង់បានពិតប្រាកដគឺកាហ្វេ មិនមែនពែងកាហ្វេទេ។ មានន័យថាយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរាល់ថ្ងៃគឺចង់បានជីវិតមួយដ៏ល្អ មានសេចក្តីសុខ និងមានន័យ មិនមែនគ្រាន់តែបង្ហាញគ្រឿងលម្អខាងក្រៅឱ្យគេឃើញ តែធាតុពិតជីវិតគ្មានន័យ និងគ្មានសេចក្តីសុខអ្វីទាល់តែសោះនោះឡើយ។
ចូររស់នៅដោយសាមញ្ញ មានពេលវេលាជួបជុំពុកម៉ែបងប្អូន និងមិត្តភក្តិ។ ជាពិសេសមានពេលអង្គុយញាំកាហ្វេជជែកគ្នាលេងពីនេះ ពីនោះ។
រៀបរៀងដោយ JC
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥