រឿងគ្រាប់ឃ្លី និងស្ករគ្រាប់
មានព្រឹកថ្ងៃមួយក្មេងប្រុសម្នាក់បានចេញមកលេងនៅសួនច្បារខាងមុខផ្ទះ ហើយគាត់ក៏បានជួបជាមួយក្មេងស្រីអ្នកជិតខាងរបស់គាត់នៅទីនោះ។ បន្ទាប់ពីជជែក និងលេងជាមួយគ្នាអស់មួយសន្ទុះធំ ក្មេងប្រុសនោះបានប្រាប់ក្មេងស្រីថាគាត់មានគ្រាប់ឃ្លីស្អាតៗជាច្រើននៅផ្ទះ ហើយក្មេងស្រីក៏បានប្រាប់ក្មេងប្រុសនោះវិញថាគាត់មានស្ករគ្រាប់ផ្អែមឆ្ងាញ់មួយចំនួននៅផ្ទះផងដែរ។ ពេលនោះក្មេងប្រុសប្រាប់ក្មេងស្រីថាគាត់នឹងយកគ្រាប់ឃ្លីនៅផ្ទះទាំងអស់មកប្តូរយកស្ករគ្រាប់របស់ក្មេងស្រីទាំងអស់។
ពួកគាត់បានឯកភាពគ្នា ហើយបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនដើម្បីយកគ្រាប់ឃ្លី និងស្ករគ្រាប់មកដោះដូរគ្នាតាមការឯកភាព។ ក្មេងស្រីបានយកស្ករគ្រាប់ទាំងអស់ប្រគល់ឱ្យក្មេងប្រុស តែដោយឡែកក្មេងប្រុសនោះវិញបានយកគ្រាប់ឃ្លីមួយចំនួនមក ហើយទុកគ្រាប់ឃ្លីស្អាតៗមួយចំនួននៅផ្ទះ។ នៅពេលយប់ក្មេងស្រីបានដេកលុងលក់យ៉ាងស្រួល និងស្កប់ស្កល់ ចំណែកក្មេងប្រុសនោះវិញដេកមិនលក់ បក់មិនល្ហើយ ពីព្រោះគាត់គិតថាក្មេងស្រីនោះប្រហែលជាមិនបានឱ្យស្ករគ្រាប់ទាំងអស់ឱ្យគាត់ទេ គាត់ប្រហែលជាលាក់ទុកខ្លះដូចដែលខ្លួនបានធ្វើមកលើក្មេងស្រីនោះ។ ក្មេងប្រុសខ្វាយខ្វល់ និងគេងមិនលក់ពេញមួយយប់។
ក្នុងរឿងនេះបានបង្ហាញ និងបង្រៀនយើងថា ភាពស្មោះត្រង់ប្រាកដណាស់ វាប្រហែលជាមិនអាចធ្វើឱ្យយើងក្លាយជាអ្នកមានបានទេ ប៉ុន្តែវាធ្វើឱ្យយើងដេកស្កប់ស្កល់ ហើយតម្លៃដ៏អស្ចារ្យរបស់វា គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាជួយសាងនូវទំនុកចិត្ត សេចក្តីគោរព ស្រឡាញ់ និងឱកាសទទួលបានការងារ ជំនួញ និងកិច្ចការសំខាន់ៗជាច្រើនលើសពីការរំពឹងទុករបស់យើងទៅទៀត។ ចំណែកមនុស្សដែលគ្មានភាពស្មោះត្រង់រមែងតែមានចិត្តខ្វាយខ្វល់ នៅមិនសុខ បក់មិនល្ហើយ និងកើតក្តីសង្ស័យមិនឈប់។ ជួនពេលខ្លះគាត់រវើរវាយ ហើយបង្កើតសាច់រឿង និងចោទអ្នកដទៃទាំងទទឹងទិស និងគ្មានមូលដ្ឋានថែមទៀតផង។
រៀបរៀងដោយ JC
ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥